អំណោយទាន​ព្រះជាម្ចាស់

Angels bring glad tidings to the shepherds

កាល​ពី​ដំបូង.....

មុន​ពេល​អ្វីៗ​កើត​មាន​មក​លើ​ផែនដី​នេះ គឺ​មាន​ព្រះ​ជាម្ចាស់ ព្រះ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​។ ព្រះ​អង្គ​ទាំង​បី​គឺ​រួម​តែមួយ​មាន​ន័យ​ថា ទ្រង់​គឺជា​ព្រះ​ត្រៃ​ឯក ហើយ​ទ្រង់​ក៏​ជា​អ្នក​បង្កើត​ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ​ផង​។

Creation

ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ទ្រង់​បាន​បង្កើត​មនុស្ស​ដូច​ជា​ព្រះ​​អង្គ​ផ្ទាល់ ហើយ​បាន​ដាក់​ពួក​គេ​នៅ​ក្នុង​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​មួយ។ ​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សួន​ច្បារ​នោះ​គឺ​ល្អ​ឥតខ្ចោះ​គ្មាន​ទុក្ខវេទនា​ឬ​ជម្ងឺ​អ្វី​មក​បំផ្លាញ​ដល់​មនុស្ស​ រុក្ខជាតិ​ និង​សត្វ​នានា​នៅ​ក្នុង​សួន​នោះ​ឡើយ។

ប៉ុន្តែ

មនុស្ស​មិន​បាន​ស្ដាប់​តាម​បង្គាប់​​ព្រះ​អង្គ​ឡើយ។ ការ​មិន​ស្ដាប់​បង្គាប់​នេះ​ហើយ ដែល​បាន​កើត​ចេញ​ជា​អំពើ​បាប​ ហើយ​អំពើ​បាប​នោះ​បាន​បំបែក​មនុស្ស​អោយ​ចេញ​ឆ្ងាយ​ពី​ព្រះ​ជាម្ចាស់។បន្ទាប់​ពី​ពួក​គេ​បាន​បះបោរ​ និង​មិន​ស្ដាប់​បង្គាប់​ព្រះ​អង្គ​រួច​មក​ ពួក​គេ​ត្រូវ​បាន​និរទេស​ចេញ​ពី​ទឹក​ដី​ដ៏​សម្បូរ​សប្បាយ​ និង​ស្រស់​ស្អាត​នោះ​ភ្លាម។ ព្រះ​ជាម្ចាស់​បាន​ចាត់​ទេវតា​ពី​អង្គ​ឲ្យ​នៅ​ចាំ​យាម​ច្រក​ចូល ដើម្បី​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ចូល​ទៅ​ក្នុង​សួន​នោះ​បាន​ឡើយ។ ព្រោះ​តែ​មនុស្ស​លោក​បាន​ឈប់​គោរព​និង​ឈប់​ស្ដាប់​បង្គាប់​ព្រះ​ជាម្ចាស់​ដូច្នេះ​ហើយ ទើប​ទុក្ខវេទនា ជម្ងឺ​ និង​សេចក្ដី​ស្លាប់​បាន​កើត​មាន​ឡើង​នៅ​លើ​ផែនដី​យើង​នេះ។

ផែនការ​របស់​ព្រះ​ជាម្ចាស់

ក្រោយ​ពី​មនុស្ស​លោក​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​សួន​ច្បារ​នោះ ព្រះ​អង្គ​បាន​បង្គាប់​ពួក​គេ​ឲ្យ​យក​សត្វ​ជំទង់​ដែល​ល្អ​ឥតខ្ចោះ មក​ធ្វើ​ជា​យញ្ញបូជា​ដើម្បី​លោះ​បាប​ពួក​គេ។ យញ្ញបូជា​ដែល​ពួក​គេ​បាន​ថ្វាយ​នោះ​ មិន​បាន​លាង​សំអាត​បាប​របស់​ពួក​គេ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ចង្អុល​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​រក​យញ្ញបូជា​ដ៏​វិសុទ្ធ ដែល​ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ឲ្យ។ ព្រះ​ជាម្ចាស់​មាន​បន្ទូល​សន្យា​ថា «ថ្ងៃ​ណា​មួយ​ទ្រង់​នឹង​បញ្ជូន​ព្រះ​បុត្រា​របស់​ទ្រង់​ គឺ​ព្រះ​យេស៊ូវ​អោយ​យាង មក​ផែនដី ដើម្បី​ធ្វើ​ជា​យញ្ញបូជា​លើក​ចុង​ក្រោយ​បង្អស់​ដល់​មនុស្ស​លោក»។

ម៉ារីនិង​ទេវតា

The angel speaks to Mary

ជិត​៤០០០(បួន​ពាន់)ឆ្នាំ​ក្រោយ​មក នៅ​ទី​ស្រុក​ណាសារែ៉ត ​មាន​ស្រី​ក្រមុំ​ម្នាក់​ឈ្មោះ​នាង​ម៉ារី​បាន​រស់​នៅ​ទី​នោះ នាង​បាន​ភ្ជាប់​ពាក្យ ហើយ​ក៏​ជិត​រៀប​ការ​ជាមួយ​នឹង​លោក​យ៉ូសែប ដែល​ត្រូវ​ជា​គូរ​ដណ្ដឹង​ថែម​ទៀត​ផង។ ថ្ងៃ​មួយ​មាន​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​នាង ហើយ​បាន​ប្រាប់​នាង​ថា «នាង​នឹង​មាន​បុត្រ​ដ៏​ពិសេស​មួយ​អង្គ។ ឪពុក​របស់​បុត្រ​នេះ​មិន​មែន​នៅ​លើ​ផែនដី​នេះ​ទេ ប៉ុន្តែ​បុត្រ​នោះ​គឺ​ជា​បុត្រា​នៃ​ព្រះ​ជាម្ចាស់​វិញ​ទេតើ! ហើយ​នាង​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា យេស៊ូវ។»

ថ្ងៃ​កំណើត​របស់​ព្រះយេស៊ូវ

The star shining over Bethlehem

ក្រោយ​ពេល​ដែល​ទេវតា​បាន​មក​ជួប​លោក​យ៉ូសែប​និង​នាង​ម៉ារី​ហើយ ពួក​គេ​ក៏​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​ភូមិ​បេថ្លេហិម ដើម្បី​បង់​ពន្ធ​នានា​របស់​ពួក​គេ។ នៅ​ពេល​ពួក​គេ​បាន​ទៅ​ដល់​ភូមិ​បេថ្លេហិម នៅ​ក្នុង​ក្រុង​មាន​មនុស្ស​ជា​ច្រើន​ពី​គ្រប់​ទិសទី​ស្នាក់​នៅ​ទី​នោះ។ ពួក​គេ​ចង់​រក​កន្លែង​ស្នាក់​នៅ​ ប៉ុន្តែ​គ្មាន​បន្ទប់​ទំនេរ​សោះ​នៅ​ក្នុង​ផ្ទះ​ញាតិ​របស់​ពួក​គេ ដូច្នោះ​ពួក​គេ​ក៏​បាន​ទៅ​សំរាក​នៅ​ក្នុង​ក្រោល​សត្វ។ យប់​មួយ​ព្រះ​អង្គ​ម្ចាស់​យេស៊ូវ​ក៏​បាន​ប្រសូត​នៅ​ក្នុង​ក្រោល​សត្វ​នោះ​ទៅ។ នាង​ម៉ារី​បាន​រុំ​ព្រះ​បុត្រា​តូច​យេស៊ូវ​នឹង​ក្រណាត់​ដ៏​ស្អាត​យ៉ាង​ណែន ហើយ​បាន​ដាក់​ទ្រង់​ផ្ទំ​នៅ​ក្នុង​ស្នូក​សត្វ។

ពួក​អ្នក​គង្វាល​ចៀម

Angels bring glad tidings to the shepherds

យប់​នោះ​ឯង នៅ​ទីវាល​ទួល​មួយ​ខាង​ក្រៅ​ទី​ក្រុង ពួក​អ្នក​គង្វាល​ចៀម​កំពុង​ចាំ​យាម​ចៀម​របស់​ពួក​គេ។ ភ្លាម​នោះ​មាន​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ពួក​គេ​ ហើយ​សិរី​រុង​រឿង​របស់​ព្រះ​បាន​ចាំង​ចែង​មក​លើ​ពួក​គេ​ផង​ដែរ។ ទេវតា​ប្រាប់​ពួក​គេ​ថា «កុំ​ខ្លាច​អី ខ្ញុំ​នាំ​ដំណឹង​ល្អ​មក​ប្រាប់​រាល់​គ្នា ​គឺ​ជា​ដំណឹង​ល្អ​ដែល​នាំ​មក​នូវ​ក្ដី​អំណរ​ដ៏​អស្ចារ្យ​សំរាប់​មនុស្ស​លោក​ទាំង​អស់។ នៅ​ថ្ងៃ​នេះ មាន​ព្រះ​អង្គ​សង្គ្រោះ​មួយ​អង្គ​បាន​ប្រសូត​ហើយ ទ្រង់​មាន​ព្រះ​នាម​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់។ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ​បុត្រា​តូច​មួយ​អង្គ​រុំ​នឹង​ក្រណាត់​ផ្ទំ​នៅ​ក្នុង​ស្នូក»។ នោះ​ស្រាប់​តែ​មាន​ពួក​ទេវតា​បរិវារ​ជាច្រើន​ពី​ស្ថានសួគ៌​មក​នៅ​ជាមួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ។ ពួក​ទេវតា​បាន​ច្រៀង​ថា «សិរី​សួស្ដី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខសាន្ដ​​នៅ​កណ្ដាល​ចំណោម​មនុស្ស​នៅ​ផែនដី​ដែល​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ទ្រង់»។ ពេល​ដែល​ពួក​ទេវតា​បាន​ហោះ​បាត់​ទៅ​ហើយ​ ពួក​អ្នក​គង្វាល​បាន​ទុក​ចៀម​របស់​គេ ហើយ​បាន​រត់​ទៅ​យ៉ាង​លឿន​តម្រង់​ទៅ​ភូមិ​បេថ្លេហិម។ នៅ​ទី​នោះ​ពួក​គេ​បាន​ឃើញ​ព្រះ​បុត្រា​តូច​ដូច​ដែល​ទេវតា​ទើប​បាន​ប្រាប់​ពួក​គេ។

ពួក​ហោរា

The wise men bring their gifts

ក្រោយ​​​​ពី​ព្រះ​យេស៊ូវ​បាន​ប្រសូត​មក​នោះ​មាន​ពួក​ហោរា​ដែល​មក​ពី​ភូមិ​ភាគ​អាស៊ី បាន​មក​ដល់​ក្រុង​យេរូសាឡឹម ហើយ​សួរ​ថា «តើ​ព្រះ​អង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្ដេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯណា? ពី​ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ទ្រង់ ពី​ទិស​ខាង​កើត​មក ហើយ​យើង​មក​ដើម្បី​ថ្វាយ​បង្គំ​ទ្រង់»។ កាល​ស្ដេច​ហេរ៉ូឌ​បាន​ឮនោះ​​ ទ្រង់​មាន​សេចក្ដី​ក្រោធ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង។ ទ្រង់​បាន​ប្រជុំ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ជា​គ្រូ​ខាង​វិន័យ។ ពួក​គេ​បាន​ទូល​ទ្រង់​ថា «ពួក​ហោរា​បាន​ទាយ​ថា នឹង​មាន​ស្ដេច​មួយ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម »។ ពេលនោះ​ស្ដេច​ហេរ៉ូឌ​បាន​ចាត់​ពួក​ហោរា​ដែល​បាន​មក ឲ្យ​ទៅ​បេថ្លេហិម ដើម្បី​ស៊ើបដំណឹង​ពី​ក្សត្រ​អង្គ​នោះ។ កាល​ពួក​ហោរា​បាន​ចេញ​ពី​ក្រុង​យេរូសាឡឹម នោះ​មាន​ផ្កាយ​មួយ​នាំ​ផ្លូវ​ពួក​គាត់ ដរាប​ទៅ​ដល់​ផ្ទះ​ដែល​ពួក​គេ​បាន​ឃើញ​បុត្រ​តូច​នោះ។ ពួក​ហោរា​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​យេស៊ូវ ព្រម​ទាំង​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន ដើម្បី​ថ្វាយ​ដល់​ព្រះ​បុត្រ​តូច​ មាន​ដូច​ជា៖ មាស កំញាន និង​ជ័រល្វីង​ទេស ថ្វាយ​ដល់​បុត្រា​តូច។ បន្ទាប់​មក​ពួក​គេ​បាន​ត្រឡប់​ទៅ​ស្រុក​របស់​ពួក​គេ​វិញ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដោយ​ព្រោះ​ព្រះ​បាន​ប្រាប់​ពួក​គេ​ក្នុង​សុបិន​និមិត្តមិន​ឲ្យ​ត្រឡប់​ទៅ​ឯ​ស្ដេច​ហេរ៉ូឌ​វិញ​ឡើយ។

ហេតុ​ផល​ចំពោះ​អំណោយ​ទាន​របស់​ព្រះ

ព្រះ​ជាម្ចាស់​គង់​ជាមួយ​ព្រះ​យេស៊ូវ​តាំង​ពី​កុមារ​ភាព​រហូត​ដល់​ទ្រង់​ធំ​ពេញ​វ័យ។ ទ្រង់​បាន​រស់​នៅ​ដោយ​គ្មាន​អំពើ​បាប​សោះ​ឡើយ ព្រះ​អង្គ​គ្រប់​លក្ខណ៍​ពីព្រោះ​ព្រះ​អង្គ​បាន​ដើរ​តាម​គ្រប់​មាគ៌ា​ទាំង​អស់​របស់​ព្រះ​ជាម្ចាស់។ នៅ​ពេល​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​បាន​សាមសិប​ឆ្នាំ ទ្រង់​ចាប់​ផ្ដើម​បង្រៀន​ដល់​បណ្ដា​ជន​អំពី​ព្រះ​ជាម្ចាស់ ដែល​ជា​ព្រះ​វរបិតា​របស់​ទ្រង់។ ទ្រង់​បាន​ធ្វើការ​អស្ចារ្យ​ជា​ច្រើន ទ្រង់​បាន​ព្យាបាល​មនុស្ស​ខ្វាក់​ភ្នែក​ឲ្យ​បាន​ភ្លឺ​ឡើងៗវិញ ហើយ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​បាន​ជា​ពី​ជម្ងឺ​របស់​ពួក​គេ ហើយ​ថែម​ទាំង​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ផង។ លើស​ពី​​នេះ​ទៅ​ទៀត ទ្រង់​បាន​បង្រៀន​ពី​ផ្លូវ​ទៅ​កាន់​ជីវិត​អស់​កល្ប​ជា​និច្ច​នៅ​ឯ​នគរ​ស្ថានសួគ៌។ ក្រោយ​មក​ទ្រង់​បាន​ប្រទាន​ព្រះ​ជន្ម​របស់​ទ្រង់​ជា​ថ្លៃ​លោះ​បាប​សំរាប់​លោកិយ​ទាំង​មូល​ផង។

គម្ពីរ​យ៉ូហាន​ ៣:១៦​បាន​ ចែង​ថា «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​មួយ​ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ»។ ព្រះ​យេស៊ូវ​បាន​យាង​មក​ផែនដី​នេះ ដើម្បី​សុគត​នៅ​លើ​ឈើ​ឆ្កាង ដែល​ជា​ដង្វាយ​ដ៏​វិសុទ្ធ​បំផុត។ ដោយ​សារ​តែ​ការ​សុគត​របស់​ទ្រង់​នេះ​ហើយ​ទើប​ អំពើ​បាប​របស់​យើង​ត្រូវ​បាន​ប្រោស​លោះ។ យើង​មិន​ត្រូវ​ការ​ថ្វាយ​យញ្ញ​បូជា​សំរាប់​លោះ​បាប​យើង​ទៀត​ទេ។ ការ​ទាំង​នេះ​បាន​បំពេញ​នូវ​សេចក្ដី​សន្យា​របស់​ព្រះ​ជា​ម្ចាស់ ថា​នឹង​បញ្ជូន​ព្រះ​អង្គ​សង្គ្រោះ​ដល់​យើង​រាល់​គ្នា។

Jesus on the cross

ថ្វីបើ​ព្រះ​យេស៊ូវ​ត្រូវ​បាន​ធ្វើគុត​ដោយ​មនុស្ស​កំណាច​ក៏​ដោយ ក៏​សេចក្ដី​ស្លាប់​គ្មាន​អំណាច​មក​លើ​ទ្រង់​សោះ​ឡើយ។ បី​ថ្ងៃ​ក្រោយ​មក​ទ្រង់​បាន​រស់​ពី​សុគត​ឡើង​វិញ ដែល​មាន​ជ័យ​ជំនះ​លើ​សេចក្ដី​ស្លាប់។ មនុស្ស​ជា​ច្រើន​បាន​ឃើញ​ព្រះ​យេស៊ូ​វ អំឡុង​ពេល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ បន្ទាប់​មក នៅ​ថ្ងៃ​មួយ​ក្រោយ​ពី​បាន​ប្រទាន​ពរ​ដល់​សិស្ស​របស់​ទ្រង់​ហើយ នោះ​ព្រះ​អង្គ​ក៏​បាន​យាង​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ។

កាល​ណា​យើង​ជ្រើស​រើស​ជឿ​ដល់​ទ្រង់ ហើយ​ថ្វាយ​ខ្លួន​និង​ចិត្ត​របស់​យើង​ដល់​ព្រះ​អង្គ នោះ​ព្រះ​លោហិត​របស់​ទ្រង់​នឹង​សំអាត​យើង​ចេញ​ពី​អំពើ​បាប​របស់​យើង​មិន​ខាន។ កាល​ណា​យើង​ទទួល​នូវ​អំណោយ​ទាន​នៃ​ការ​សង្គ្រោះ នោះ​យើង​នឹង​បាន​នៅ​ជិត​ស្និទ្ធ​ជាមួយ​នឹង​ព្រះ​វិញ។ ព្រះ​យេស៊ូវ​បាន​ក្លាយ​ជា​អង្គ​សង្គ្រោះ​នៃ​យើង ហើយ​យើង​អាច​រីករាយ​ដោយ​ព្រះ​ពរ​ក្នុង​កា​រស់​នៅ​ជា​កូន​របស់​ទ្រង់! ថ្ងៃ​ណា​មួយ​ព្រះ​យេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ ហើយ​ទ្រង់​នឹង​យក​អ្នក​ជឿ​ទាំង​អស់​ទៅ​នគរ​ស្ថានសួគ៌​ជាមួយ​នឹង​ទ្រង់​ដែរ។ ហើយ​នៅ​ទី​នោះ​ពួក​គេ​នឹង​រស់​នៅ​ជា​រៀង​រហូត​អស់​កល្ប​ជា​និច្ច​ជាមួយ​ព្រះ​ជា​អម្ចាស់៕ ៚