សេចក្ដីស្រឡាញ់ ជាសភាវៈសំខាន់ជាងគេ​លើលោកិយសព្វថ្ងៃ

A Father's Love

ពាក្យ​ស្រឡាញ់​គឺ​ជា​ពាក្យ​ដែល​អស្ចារ្យ​បំផុត​នៅ​គ្រប់​ភាសា​ទាំង​អស់។ តើ​សេចក្ដី​ស្រឡាញ់​នាំ​យក​អ្វី​ខ្លះ​មក​ក្នុង​ចិត្ត៖ ភាពកក់ក្តៅ ចិត្ត​មេត្រី ការយល់​ចិត្ដ ភាពសប្បុរស ឬ​ក៏​ការថែរក្សា​ដូច​ម្តាយ​ចំពោះ​កូន​មែន​ទេ? សំរាប់​អ្នក​វិញ​ តើ​អ្នក​យល់​យ៉ាង​ណា? តើ​ពាក្យ​ថា​ស្រឡាញ់​មាន​ន័យ​ដូច​ម្ដេច​ចំពោះ​អ្នក? តើ​អ្នក​ចង់​ទទួល​បាន​សេចក្តី​ស្រឡាញ់​ឬ​ទេ? តើ​អ្នក​មាន​សេចក្តី​ស្រឡាញ់​ឬ​ទេ?

ព្រះ​ជាម្ចាស់​ជា​តួនៃ​សេចក្តីស្រឡាញ់ នៅ​ពេល​ដែល​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ សណ្ឋិត​ក្នុង​ដួង​ចិត្ត​របស់​អ្នក ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ និង​ចេះ​ផ្ដល់​នូវ​សេចក្តី​ស្រឡាញ់។ ប្រភព​នៃ​សេចក្តី​ស្រឡាញ់​ទាំង​អស់​គឺ​មក​ពីព្រះ។ "យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ដល់​យើង​ដែរ។ ព្រះ​ទ្រង់​ជា​តួនៃ​សេចក្តី​ស្រឡាញ់។ ឯ​អ្នកណា​ដែល​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​នោះ ក៏​បាន​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ" (យ៉ូហានទី១ ៤:១៦) គ្មាន​នរណា​ម្នាក់​ធ្លាប់​ស្វែង​រក ឬ​ធ្លាប់​ទទួល​បាន​សេចក្តី​ស្រឡាញ់​ជោគជ័យ​ពិត​នោះ​ទេ លុះ​ត្រាណា​តែ​អ្នក​នោះ​ស្វែងរក​តាម​រយៈ​ព្រះ​អម្ចាស់។

ផ្ទុយ​ពី​សេចក្តី​ស្រឡាញ់​គឺ​មាន​ដូច​ជា៖ ការស្អប់ ការមិនទុកចិត្ត ភាពអាត្មានិយម និង​ការ​មិនចុះ​សំរុង​នឹង​គ្នា។ បើ​យើង​គ្រាន់តែ​មើល​ទៅ​លើ​ស្ថាន​ភាព​ទូទៅ​នៅ​លើ​ពិភពលោក​នេះ និង​នៅ​ក្នុង​គ្រួសារ​ជា​ច្រើន​នោះ យើង​ពិត​ជា​ដឹង​ថា​យើង​ត្រូវការ​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង។

ចំណែក​អ្នក​វិញ តើ​អ្នក​យល់​យ៉ាង​ម៉េច​ដែរ? តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ទទួល​បាន​សេចក្តី​ស្រឡាញ់​ឬ​ទេ? តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​មាន​ការឈឺចាប់​ក្នុង​ចិត្ត​របស់​អ្នក និង​មាន​ភាពឯកោ​មិន​ចេះ​អស់​មិន​ចេះ​ហើយ និង​ពុំ​ធ្លាប់​បាន​ទទួល​ការថ្នាក់​ថ្នម​ឬ​ភាពកក់ក្តៅ​ដែរ​ទេ? ពេល​ខ្លះ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ពុំ​មាន​អ្នក​ណា​ម្នាក់​ចាប់​អារម្មណ៍​អំពី​អ្នក​ដែរ​ទេ? តើ​អ្នក​កើត​ក្នុង​គ្រួសារ​ដែល​មាន​ឪពុកម្តាយ​មិន​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​គ្នា​ឬ​មិន​ស្រឡាញ់​កូនៗ​មែន​ទេ? អារម្មណ៍​ទាំង​នេះ គឺ​ធម្មតា​ទេ​នៅ​លើ​ផែនដី​នេះ ដែល​មនុស្ស​ទូទៅ​គិត​ថា "គឺ​មាន​តែ​អញ"។ ការឈឺចាប់​គឺ​ជា​លទ្ធផល​នៃ​ភាព​អាត្មានិយម​របស់​គាត់​ដែល​ចេះ​តែ​រំខាន​ក្នុង​ចិត្ត​របស់​គាត់​ជានិច្ច។

សេចក្តី​ស្រឡាញ់​គឺ​មិន​ស្វែងរក​តែ​ប្រយោជន៍ និង​បំពេញ​តែ​តម្រូវការ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ក៏​គិត​អំពី​ផល​ប្រយោជន៍​អ្នក​ដ៏ទៃ​ផង​ដែរ។ មនុស្ស​ជាច្រើន​បាន​ហៅ "ចំណង់ប្រាថ្នា" ថា​ជា​សេចក្តី​ស្រឡាញ់​តាមពិត​ទៅ​វា​ជា​ភាព​អាត្មានិយម ពី​ព្រោះ​អ្នក​នោះ​ស្វែង​រក​តែ​ភាព​សប្បាយ​រីករាយ​សំរាប់​បំពេញ​សេចក្តី​ត្រូវការ​ផ្ទាល់​ខ្លួន​ឯង​ប៉ុណ្ណោះ។

រាល់​ពេល​មាន​ទុក្ខលំបាក​ក្នុង​ជីវិត​យើង មិន​មែន​មាន​ន័យ​ថា​ព្រះ​មិន​ស្រឡាញ់​យើង​នោះ​ទេ។ ពេល​ខ្លះ ព្រះ​បាន​អនុញ្ញាត​ឲ្យ​ទុក្ខលំបាក​កើត​មាន​ចំពោះ​យើង ដើម្បី​ជា​ប្រយោជន៍​ឲ្យ​យើង​ចេះ​ស្វែងរក​ទ្រង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ឪពុក​ឬ​ម្ដាយ​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់​ពិត គឺ​មិន​គ្រាន់តែ​ផ្តល់​ឲ្យ​នូវ​អ្វី​ដែល​កូន​ចង់​បាន​នោះ​ទេ ប៉ុន្តែ​ត្រូវ​ចេះ​អប់រំ​ណែនាំ​កូន​ដើម្បី​ជា​ប្រយោជន៍​ដល់​កូនៗ​របស់​ពួក​គាត់​វិញ។

សេចក្តី​ស្រឡាញ់​គឺ​ការលះបង់។ សេចក្តី​ស្រឡាញ់​ពិត​គឺ​ស្វែង​រក​គុណសម្បត្តិ​របស់​អ្នក​ដ៏​ទៃ។ សេចក្តី​ស្រឡាញ់​គឺ​ចេះ​ផ្ដល់​ភាព​កក់ក្តៅ ការ​អាណិតអាសូរ និង​ចិត្ត​សប្បុរស។ បើសិនជា​យើង​មាន​ក្តី​ស្រឡាញ់​ពិត យើង​នឹង​ប្រព្រឹត្ត​អ្វី​ដែល​នាំ​មក​នូវ​ប្រយោជន៍​សំរាប់​អ្នក​ដ៏​ទៃ ក្នុង​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត។ ប្តី​និង​ឪពុក​ដែល​មាន​ក្ដី​ស្រឡាញ់ នឹង​បង្ហាញ​សេចក្តី​ស្រឡាញ់​និង​ភាព​កក់ក្តៅ​ដល់​ប្រពន្ធ​និង​កូនៗ​របស់​គាត់។ គាត់​នឹង​លះបង់​ពេលវេលា​ផ្ទាល់​ខ្លួន​របស់​គាត់ សំរាប់​គ្រួសារ​គាត់ ហើយ​និង​ចេះ​បង្កើត​បរិយា​កាសល្អៗ ព្រមទាំង​ធ្វើជា​គំរូ​ល្អ​សំរាប់​ពួក​គេ​ជានិច្ច។ ប្រពន្ធ​និង​ម្តាយ​ដែល​មាន​សេចក្តី​ស្រឡាញ់​ពិត នឹង​គោរព​ប្តីព្រម​ទាំង​ណែនាំ​កូនៗ​របស់​ខ្លួន​ឲ្យ​យោគ​យល់​គ្នា ទៅ​វិញ​ទៅ​មក។ គាត់​នឹង​មាន​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ចិត្ត នៅ​ពេល​គាត់​អាច​ជួយ​មនុស្ស​ឬក៏ សមាជិក​នៅ​ក្នុង​គ្រួសារ​របស់​គាត់​បាន​ទទួល​បាន​នូវ​ភាព​កក់ក្ដៅ។

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ផ្ដល់​គំរូ​ដ៏​អស្ចារ្យ​សំរាប់​យើង នៅ​ពេល​ដែល​ទ្រង់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដោយ​ទ្រង់​ព្រម​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី ជំនួស​បាប​របស់​យើង​ទាំង​អស់​គ្នា។

បើសិនជា​អ្នក​មាន​អារម្មណ៍​ថា អ្នក​ត្រូវកា​រសេចក្តី​ស្រឡាញ់ ឬក៏​មាន​អារម្មណ៍​កំព្រា​ឯកា​នៅ​ក្នុង​ចិត្ដ នោះ​អ្នក​អាច​ស្វែងរក​ការ​ស្រឡាញ់​ពិត​បាន។ អ្នក​អាច​រក​សេចក្តី​ស្រឡាញ់​នោះ​បាន​ដោយ​ការ​ថ្វាយ​ខ្លួន​ទៅ​ព្រះ។ ទ្រង់​ស្រឡាញ់​អ្នក​ដោយ​ព្រះ​ទ័យ​អាណិត​អាសូរ និង​សេចក្តី​មេត្តា​ដែល​ឥតព្រំដែន។ ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក ហើយ​ចង់​ជួយ​អ្នក​ឲ្យ​រួច​ផុត​ពី​អស់​ទាំង​បន្ទុក និង​ការឈឺចាប់​នៅ​ក្នុង​ជីវិត​អ្នក។ បើ​សិនជា​អ្នក​មាន​អារម្មណ៍​ឯកោ ហើយ​គិត​ថា​ពុំ​មាន​នរណា​ម្នាក់​ខ្វល់ខ្វាយ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក ឈប់​គិត​ឬ​បារម្ភ​អំពី​រឿង​ទាំង​នោះ​ត​ទៅ​ទៀត​ទៅ ត្រូវ​ចាំ​ថា ព្រះ​ដែល​បាន​ប្រទាន​បុត្រា​របស់​ទ្រង់​ឲ្យ​មក​អ្នក ទ្រង់​ពិត​ជា​ជ្រាប​អំពី​ទុក្ខព្រួយ​និង​ភាព​សោកសៅ​របស់​អ្នក។ ពេល​ដែល​អ្នក​កំពុង​មាន​ភាព​ឯកោ និង​សេចក្តី​សោកសង្រេង ទ្រង់​នឹង​គង់​នៅ​ជាមួយ​អ្នក​ដើម្បី​លើក​ទឹកចិត្ត ហើយ​ផ្តល់​ភាព​រឹងមាំ និង​ការ​ណែនាំ ដើម្បី​ឲ្យ​អ្នក​ត្រឡប់​មក​រក​ទ្រង់​វិញ។

បើ​អ្នក​មិន​ដឹង​ថា ត្រូវ​ចូល​ទៅ​រក​ព្រះ​អង្គ​យ៉ាង​ណា​​នោះ សូម​ឲ្យ​​អ្នក​គ្រាន់តែ​បើក​ដួងចិត្ត​របស់​អ្នក​ដល់​ទ្រង់​ហើយ​ទ្រង់​នឹង​ឮ។ បើសិនជា​អ្នក​មាន​អារម្មណ៍​ថា​ពិបាក​ឲ្យ​អ្នក​ជឿ​ទុកចិត្ត​លើ​នរណាម្នាក់​ឬ សូម្បីតែ​ព្រះ​ក៏​ដោយ​ចុះ នោះ​សូម​ទូល​ថ្វាយ​ទៅ​ព្រះ​អង្គ រួច​សូម​ទ្រង់​ឲ្យ​បង្ហាញ​ផ្លូវ​ដល់​អ្នក។

បើសិនជា​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​ជា​មនុស្ស​មាន​បាប ហើយ​គ្មាន​សង្ឃឹម​ថា​អាច​រក​អ្នក​ណា​លើកលែង​ទោស​ឲ្យ​អ្នក​បាន និង​គ្មាន​សេចក្តី​ស្រឡាញ់​នោះ ចូរ​មក​រក​ព្រះ​អង្គ​ឲ្យ​អស់​ពី​ដួងចិត្ត ហើយ​សារ​ភាព​បាប​នៅ​ចំពោះ​ទ្រង់ ហើយ​និង​ជៀស​ចេញ​ពី​អំពើបាប​ដែល​អ្នក​បាន​ធ្វើ​ពី​អតីតកាល។ ទ្រង់​នឹង​ធ្វើ​ជា​ឪពុក​ដ៏​ល្អ ប្រសិនជា​អ្នក​មក​រក​ទ្រង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​គោរព​តាម​ព្រះ​បន្ទូល​របស់​ទ្រង់។

នៅ​ពេល​ដែល​ព្រះ​អង្គ​លើក​លែង​ទោស និង​ទទួល​អ្នក អ្នក​នឹង​មាន​អារម្មណ៍​ថា​អ្នក​មាន​សេចក្ដី​ស្រឡាញ់​ហើយ​អ្នក​នឹង​ទទួល​បាន​នូវ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​ជាមួយ​ទ្រង់​ដែល​គ្មាន​អ្វី​អាច​បំបែក​បាន។ ទំនាក់ទំ​នង​ទាំង​នេះ នឹង​កាត់​ផ្តាច់​វិញ​បាន បើ​យើង​ដាច់​ចេញ​ពី​ទ្រង់។

នៅ​ពេល​ដែល​អ្នក​ទទួល​បាន​សេចក្ដី​ស្រឡាញ់​និង​ការ​អត់​ទោស​ពី​ព្រះ​អម្ចាស់ ហើយ​លះបង់​ចោល​ភាព​អាត្មានិយម​របស់​ខ្លួន​នោះ អ្នក​នឹង​ទទួល​បាន​នូវ​សេចក្ដី​សុខ​និង​សន្ដិភាព​ជំនួស​វិញ ហើយ​អ្នក​នឹង​មិន​ខ្វល់​ខ្វាយ​អំពី​អំពើ​អ្វី​ដែល​អ្នក​ដ៏​ទៃ​នឹង​ប្រព្រឹត្ត​មក​លើ​អ្នក​ទៀត​ហើយ។ អ្នក​នឹង​ខ្វល់​ខ្វាយ​តែ​ពី​ប្រយោជន៍​របស់​អ្នក​ដ៏ទៃ ហើយ​នឹង​មាន​ចិត្ត​ចង់​បំរើ​ព្រះ​ដែល​ស្រឡាញ់​អ្នក​ឥតលក្ខខ័ណ្ឌ។

នៅ​ពេល​ដែល​គំនិត​ដែល​ធ្លាប់​គិត​តែ​ពី​ខ្លួន​ឯង បាន​ត្រូវ​បាត់​បង់ ពេល​នោះ ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ពរ​អ្នក​ព្រម​ទាំង​ប្រទាន​ឲ្យ​អ្នក​បាន​ឃើញ​សេចក្តី​ពិត​ថែម​ទៀត​ផង។ អ្នក​អាច​សិក្សា​សេចក្ដី​បង្រៀន​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ កូរិនថូសទី១ ជំពូក១៣ នៅ​ទំព័រ​ខាង​ក្រោយ។ កណ្ឌ​គម្ពីរ​នោះនឹង​ជួយ​ឲ្យ​អ្នក​យល់​ពី​កិច្ចការ​ទាំង​នេះ។

ការ​ទាំង​អស់​នេះ​អាច​បញ្ចប់​ភាពឯកោ​និង​ភាពខ្វល់​ខ្វាយ​របស់​អ្នក​បាន។ សូម​អនុញ្ញាត្ត​ឲ្យ​ព្រះ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ជីវិត​របស់​អ្នក។ សូម​ទទួល​យក​ក្តីស្រឡាញ់​របស់​ព្រះ គឺ​ព្រះ​ពរ​ដ៏​អស្ចារ្យ​មួយ​ដែល​ត្រៀម​សំរាប់​ជីវិត​របស់​អ្នក។

ប្រសិន​បើ​អ្នក​ចង់​ស្វែងយល់​បន្ថែម​ទៀត នៅ​ក្នុង​ព្រះ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន បាន​រៀប​រាប់​យ៉ាង​ច្បាស់​អំពី​សេចក្តី​ស្រឡាញ់។ នៅ​ក្នុង​ព្រះ​គម្ពីរ អេសាយ ជំពូក៥៣ ពួក​ហោរា​បាន​ប្រកាស​ពី​ការ​លះ​បង់​ជីវិត​របស់​ព្រះ​យេស៊ូវ​ដើម្បី​សង្គ្រោះ​យើង។ សូម​អាន​នូវ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​នៅ​ក្នុង​ព្រះ​គម្ពីរ (ទំនុកដំកើង ៩១)ហើយ​ព្រះ​គម្ពីរ(ទំនុកដំកើង ២៣)។ សូម​ព្រះ​ប្រទាន​ប្រាជ្ញា​ដល់​អ្នក​ក្នុង​ការអាន​ព្រះ​គម្ពីរ។ សូម​ព្រះ​ប្រទាន​ពរ! ៚

កូរិនថូសទី១ ១៣:-, ១៣

ទោះ​បើ​ខ្ញុំ​ចេះ​និយាយ ជា​ភាសា​របស់​មនុស្ស​ជា​តិ​ទាំង​ប៉ុន្មាន និង​ភាសា​របស់​ពួក​ទេវតា​ផង តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹង ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ។ បើ​ខ្ញុំ​ចេះ​អធិប្បាយ ហើយ​ស្គាល់​អស់​ទាំង​សេចក្តី​អាថកំបាំង និង​គ្រប់​ទាំង​ចំណេះ​វិជ្ជា ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​សេចក្តី​ជំនឿ​ល្មម​នឹង​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​ទេ។ បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យ​សម្បត្តិ​ខ្ញុំ​ជា​អាហារ​ដល់​គេ ហើយ​បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ។ ឯ​សេចក្តី​ស្រឡាញ់​តែងតែ​អត់​ធ្មត់ ហើយ​ក៏​សប្បុរស។ សេចក្តី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរសម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស មិន​ដែល​អរសប្បាយ​ចំពោះ​សេចក្តី​ទុច្ចរិត​ឡើយ គឺ​អរសប្បាយ​តែ​នឹង​សេចក្តី​ស្មោះ​ត្រង់​វិញ ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់។ រីឯ​ការ​អធិប្បាយ នោះ​នឹង​ត្រូវ​បាត់​ទៅ ការ​និយាយ​ភាសា​ដទៃ​នឹង​ត្រូវ​ឈប់ ហើយ​ចំណេះ​ក៏​ត្រូវ​សាប​សូន្យ​ទៅ​ដែរ តែ​ឯ​សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ។ ឥឡូវ​នេះ នៅ​មាន​សេចក្តី​ជំនឿ សេចក្តី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់ ទាំង​៣​មុខ​នេ តែ​សេចក្តី​ដែល​វិសេស​ជាង​គេ គឺ​ជា​សេចក្តី​ស្រឡាញ់។