ព្រះអង្គ​សង្រ្គោះ​សម្រាប់​អ្នក

The prodigal son asking his father for his inheritance

ព្រះ​អង្គសង្គ្រោះ​សម្រាប់​អ្នក

តើ​អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​សប្បាយ​រីករាយ​មែន​ទេ? ឬក៏​អ្នក​ជា​មនុស្ស​ដែល​កំពុងតែ​ឈឺចាប់​ហើយ​និង​ភ័យ​ខ្លាច​ភាព​បរាជ័យ​ក្នុង​ជីវិត​មែន​ទេ? អ្នក​ប្រាថ្នា​ចង់​ឲ្យ​ខ្លួន​ឯង​អាច​គេច​ផុត​ពី​ភាពឈឺចាប់​ ប៉ុន្ដែ​អ្នក​មិន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​មែន​ទេ? អ្នក​ប្រហែល​ជា​សួរ​ខ្លួន​ឯង​ថា “តើ​ខ្ញុំ​អាច​សប្បាយ​រីករាយ​ម្ដង​ទៀត​បាន​ដែរ​ឬ​ទេ?”

ខ្ញុំ​មាន​ដំណឹង​ល្អ​សំរាប់​អ្នក! មាន​ម្នាក់​ ដែល​អាច​ជួយ​អ្នក​ហើយ​និង​អាច​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី​បាប​បាន​ ព្រមទាំង​អាច​ផ្ដល់​សុភមង្គល​ដ៏​យូរអង្វែង​ដល់​អ្នក​បាន។ ទ្រង់​មាន​ព្រះ​នាម​ថា​ ព្រះ​យេស៊ូវ​គ្រីស្ទ​ ហើយ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ទាំង​អស់​គ្នា​អំពី​ទ្រង់។

ទ្រង់​ជា​ព្រះ​ជាម្ចាស់​ ដែល​បាន​បង្កើត​ពិភពលោក​ និង​របស់​សព្វសារពើ​ក្នុង​ពិភពលោក​នេះ។ ព្រះអង្គ​បាន​បង្កើត​អ្នក​ ហើយ​និង​ខ្ញុំ។ ព្រះ​អង្គ​ស្រឡាញ់​យើង​គ្រប់​គ្នា​នៅ​លើ​ផែនដី​នេះ ទ្រង់​ពិត​ជា​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​ណាស់​ ហេតុ​នេះ​ហើយ បាន​ជា​ទ្រង់​ប្រទាន​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ជា​រាជបុត្រា​តែ​មួយ​អង្គ​ គត់​មក​លើ​ពិភពលោក​នេះ។ កាល​ទ្រង់​គង់​នៅ​លើ​ផែនដី​នេះ ទ្រង់​បាន​ព្យាបាល​ជម្ងឺ​ឲ្យ​ដល់​មហា​ជន​ជាច្រើន​បាន​ជា​សះស្បើយ ព្រមទាំង​ជួយ​សម្រាល​ទុក្ខ​ដល់​អ្នក​ដែល​មាន​ចិត្ត​សោក​សង្រេង​ឲ្យ​បាន​ធូរ​ស្បើយ​ ហើយ​និង​ព្យាបាល​ភ្នែក​ដែល​ខ្វាក់​ឲ្យ​ភ្លឺឡើយ​វិញ។ ទ្រង់​បាន​បង្រៀន​មនុស្ស​នូវ​កិច្ច​ការ​ជា​ច្រើន។ រឿង​ទាំង​អស់​នេះ​គឺ​មាន​ចែង​ទុក​ក្នុង​ព្រះគម្ពីរ។

ព្រះ​យេស៊ូវ​ចង់​ឲ្យ​យើង​យល់​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ដែល​ព្រះ​បិតា​របស់​ទ្រង់​មាន​ចំពោះ​យើង​រាល់​គ្នា។ ទ្រង់​បាន​រៀប​រាប់​នូវ​សាច់រឿង​នេះ​ដូច​ខាង​ក្រោម​ហើយ​ក៏​បាន​ពន្យល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បិតា​ទ្រង់​ផង​ដែរ។

មាន​បុរស​ម្នាក់ បាន​រស់​នៅ​យ៉ាង​សប្បាយ​រីករាយ​នៅ​ក្នុង​ទី​ក្រុង​មួយ​ជាមួយ​កូន​ប្រុស​២​នាក់​របស់​គាត់។ គាត់​បាន​គិត​ថា​អ្វីៗ​សុទ្ឋតែ​ប្រសើរ។ ថ្ងៃ​មួយ​ កូន​ប្រុស​ម្នាក់​របស់​គាត់​បាន​បះបោរ​ ហើយ​មក​រក​គាត់​រួច​និយាយ​ថា “ខ្ញុំ​មិន​ចូល​ចិត្ដ​ផ្ទះ​នេះ​ទេ។ ខ្ញុំ​ចង់​មាន​ជីវិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​ចាក​ចេញ​ពី​ទី​នេះ សូម​ចែក​ទ្រព្យសម្បត្ដិ​ដែល​ជា​មរតក​ឲ្យ​មក​ខ្ញុំ”។ ឪពុក​ពិត​ជា​ពិបាក​ចិត្ដ​ណាស់ តែ​គាត់​បាន​ឲ្យ​លុយ​ទៅ​កូន​គាត់ និង​ព្រម​ឲ្យ​គេ​ទៅ។ គាត់​នឹក​ក្នុង​ចិត្ត​ថា​ “តើ​នឹង​អាច​ជួប​កូន​គាត់​ម្ដង​ទៀត​ដែរ​ឬ​ទេ?” ហេតុអ្វីបានជា​កូន​ប្រុស​គាត់​បះបោរ​យ៉ាង​នេះ?

កូន​​ប្រុស​បាន​ចាកចេញ​ទៅ​ឆ្ងាយ​ ហើយ​សប្បាយ​រីករាយ​ជាមួយ​នឹង​លុយ​និង​មិត្ដភ័ក្តិ​របស់​គាត់។ គាត់​បាន​ចាយ​លុយ​គាត់​យ៉ាង​ខ្ជះខ្ជាយ​ ហើយ​និង​ធ្វើ​រឿង​អាក្រក់ៗ​ជា​ច្រើន​ថែមទៀត​ផង។ គាត់​គិត​ថា​អ្វីៗ​នៅ​ពេល​នេះ​គឺ​ល្អ​ណាស់​សំរាប់​គាត់​ហើយ។ រហូត​ដល់​មាន​ពេល​មួយ​លុយ​ដែល​គាត់​ធ្លាប់​មាន​ នោះ​អស់​រលីង មិត្ដ​របស់​គាត់​ក៏​បាន​ទៅ​ចោល​គាត់​គ្មាន​សល់​ម្នាក់​ ដោយ​បន្សល់​ទុក​ឲ្យ​គាត់​នៅ​តែ​ម្នាក់​ឯង​ពោរពេញ​ទៅ​ដោយ​ភាពឈឺចាប់​និង​ភាព​សោកស្ដាយ។ តើ​គាត់​គួរ​ធ្វើ​យ៉ាង​ណា?

ពេល​នោះ​គាត់​បាន​ជួប​កសិក​រម្នាក់ ហើយ​បាន​បំរើ​នៅ​ទី​នោះ កសិករ​ម្នាក់​នោះ​បាន​ឲ្យ​គាត់​ទៅ​ចិញ្ចឹម​ជ្រូក។ គាត់​មិន​បាន​ទទួល​អាហារ​គ្រប់​គ្រាន់​នោះ​ទេ។ គាត់​ឃ្លាន​ខ្លាំង​ណាស់​ស្ទើរ​តែ​ដាច់ពោះ គាត់​បាន​ញ៉ាំ​ចំណី​របស់​ជ្រូក។ គាត់​បាន​ចាប់ផ្ដើម​គិត​ពី​រឿង​អាក្រក់​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ​ និង​ពី​អ្វីៗ​ដែល​គាត់​បាន​ធ្វើ​ដាក់​ឪពុក​របស់​គាត់។ គាត់​ក៏​កើត​ទុក្ខ​ខ្លាំង​ឡើងៗ។

The prodigal son feeding the pigs

ថ្ងៃ​មួយ គាត់​បាន​នឹក​ចាំ​ពី​សេចក្ដីស្រឡាញ់​របស់​ឪពុក​គាត់ ហើយ​និង​សេចក្តីសប្បុ​រសរបស់​ឪពុកគាត់​ កាល​គាត់​រស់​នៅ​ផ្ទះ​ជាមួយ​ឪពុក។

គាត់​គិត​ថា “តើ​ខ្ញុំ​អាច​ត្រឡប់​ទៅ​រក​ឪពុក​ខ្ញុំ​វិញ​បាន​ដែរ​ឬ​ទេ? តើ​គាត់​នឹង​អត់​ទោស​ចំពោះ​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ​ដាក់​គាត់​ដែរ​ឬ​ទេ? តើ​គាត់​នៅ​តែ​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ? ខ្ញុំ​មិន​សម​និង​ធ្វើ​ជា​កូន​របស់​គាត់​ទេ។ ខ្ញុំ​សុំ​ត្រឹម​តែ​ជា​អ្នក​បំរើ​ប៉ុណ្ណោះ បើ​គាត់​ព្រម​ទទួល​យក​ខ្ញុំ។

មិន​យូរ​ប៉ុន្មាន គាត់​ក៏​បាន​សំរេចចិត្ត​ទៅ​ផ្ទះ​ឪពុក​គាត់។ គាត់​ចង់​ដឹង​ថា តើ​ឪពុក​របស់​គាត់​នៅ​ស្រឡាញ់​គាត់​ឬ​ទេ។

ឪពុក​បាន​រង់ចាំ​កូន​របស់​គាត់ អស់​រយៈពេល​ជា​យូរតាំង​ពី​កូន​គាត់​បាន​ចាកចេញ​ទៅ។ គាត់​តែងតែ​គិត​ក្នុង​ចិត្ត​ថា "តើ​កូន​របស់​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ឬ​ទេ?" ថ្ងៃ​មួយ​គាត់​បាន​ឃើញ​មនុស្ស​ម្នាក់​ពី​ចំងាយ “តើ​អាច​ជា​កូន​ប្រុស​របស់ខ្ញុំ​ដែរ​ទេ?” គាត់​បាន​រត់​ទៅ​រក​ដោយ​លាដៃ​ ដើម្បី​ស្វាគមន៍​ការ​ត្រឡប់​មក​វិញ។ គាត់​បាន​និយាយ​ថា “នេះ​ជា​កូន​របស់​ខ្ញុំ​ដែល​បាន​បាត់ ប៉ុន្ដែ​ឥឡូវ​បាន​រក​ឃើញ​វិញ​ហើយ។”

The father welcoming the prodigal son home

រឿង​របស់​កូន​ប្រុស​នេះ​គឺ​ប្រៀប​ដូច​ជា​យើង​អញ្ចឹង​ដែរ។ យើង​ទាំង​អស់​គ្នា​បាន​វង្វេង​ឆ្ងាយ​ពី​ព្រះជាម្ចាស់ ដែល​ជា​ឪពុក​ខាង​ឯ​វិញ្ញាណ​របស់​យើង។ យើង​បាន​បាត់បង់​ឱកាស​ជា​ច្រើន និង​របស់​ល្អៗ​ដែល​ទ្រង់​បាន​ឲ្យ​យើង។ យើង​បាន​ធ្វើ​អាក្រក់​ជា​ច្រើន ហើយ​និង​បះ​បោរ​ប្រឆាំង​នឹង​ទ្រង់​ថែម​ទៀត​ផង។ ថ្ងៃ​នេះ​ ព្រះ​វរបិតា​ដែល​គង់​នៅ​ឋានសួគ៌​ចង់​ឲ្យ​យើង​ទៅ​រក​ទ្រង់​ ហើយ​ទ្រង់​កំពុង​រង់ចាំ​យើង​ដោយ​លា​ព្រះ​ហស្ថ​ទាំង​ទ្វេ​របស់​ទ្រង់។

តើ​អ្នក​ដែល​ធ្លាប់​គិត​ពី​សេចក្តីស្រឡាញ់​ដែល​ព្រះ​យេស៊ូវ​មាន​ចំពោះ​អ្នក​ដែរ​ឬ​ទេ? បន្ទាប់​ពី​ទ្រង់​បាន​បង្រៀន​មនុស្ស​នៅ​លើ​ផែនដី​អស់​រយៈពេល​៣ឆ្នាំ ទ្រង់​បាន​អនុញ្ញាត្ត​ឲ្យ​មនុស្ស​អាក្រក់​ចាប់​ទ្រង់ ហើយ​បោះ​ដែក​គោល​ដាក់​ទ្រង់​ភ្ជាប់​លើ​ឈើឆ្កាង។ ទ្រង់​បាន​ទទួល​រង​នូវ​ការឈឺ​ចាប់ និង​បដិសេធ​មិន​ទទួល​ស្គាល់​ទ្រង់ ទន្ទឹម​នឹង​ពេល​ដែល​ទ្រង់​បាន​លះបង់​ព្រះ​ជន្ម​និង​បង្ហូរ​ព្រះលោហិត​របស់​ទ្រង់​ជា​យញ្ញបូជា ដើម្បី​លោះ​បាប​ដល់​មនុស្ស​ទាំង​អស់។

នៅ​ពេល​ដែល​យើង​មក​រក​ព្រះ​វរបិតា យើង​បាន​សុំ​ឲ្យ​ទ្រង់​លើក​លែង​ទោស​នូវ​អំពើបាប​របស់​យើង។ នៅ​ពេល​ដែល​ទ្រង់​ឃើញ​យើង​មាន​ការឈឺចាប់ និង​សោកស្តាយ​ចំពោះ​អំពើបាប​ដែល​យើង​ប្រព្រឹត្ត ទ្រង់​ក៏​បាន​អត់​ទោស​ ហើយ​ក៏​លាង​សំអាត​បាប​របស់​យើង​ជា​មួយ​នឹង​ព្រះ​លោហិត​របស់​ទ្រង់​ដែល​បាន​បង្ហូរ​សំរាប់​យើង​ទាំង​អស់​គ្នា។ នេះ​ពិត​ជា​ការ​ដ៏​អស្ចារ្យ​បំផុត​ដែល​បាន​កើត​ឡើង។ ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង។ វិញ្ញាណ​របស់​យើង​បាន​កើត​ជា​ថ្មី ហើយ​យើង​បាន​ក្លាយ​ជា​មនុស្ស​ថ្មី។ ជីវិត​យើង​ស្ថិត​ក្នុង​អត្ថន័យ​ថ្មី។ ព្រះ​យេស៊ូវ​ទ្រង់​បាន​ដក​យក​ការឈឺចាប់ និង​ភាពភ័យខ្លាច​របស់​យើង ហើយ​ទ្រង់​បាន​ប្រទាន​មក​វិញ​នូវ​សេចក្ដីរីករាយ និង​សុភមង្គល​ដ៏​ពេញ​បរិបូណ៌រ​ដល់​យើង។ ៚