ព្រះពិតតែមួយ

តើអ្ឆកស្គាល់ទ្រង់ទេ?

ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែ
ដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយ
ទៅដល់អស់កល្បជានិច្ចតទៅ
ហេព្រើរ (១៣:៨)

មនុស្ស​ទាំង​អស់​មាន​ជំនឿ​និង​គោរព​ព្រះ ឬក៏​របស់​ផ្សេងៗ។ មនុស្ស​ខ្លះ​ថ្វាយ​បង្គំ​វត្ថុ ខ្លះ​ថ្វាយបង្គំ​មនុស្ស​ ខ្លះ​ថ្វាយ​បង្គំ​រូបសំណាក ហើយ​និង​មនុស្ស​ខ្លះ​ទៀត​ថ្វាយបង្គំ​ខ្លួន​ឯង។ ពួកគេ​បង្ហាញ​ការថ្វាយបង្គំ​ព្រះ​របស់​ពួកគេ​តាម​បែប​ផ្សេងៗ។ ទោះបី​អំឡុងពេល​ពួក​គេ​គោរព​ថ្វាយបង្គំ​ព្រះ​របស់​ពួកគេ​ក៏ដោយ ក៏​ក្នុង​ចិត្ត​ពួកគេ​នៅតែ​មាន​ភាពភ័យខ្លាច​និង​ការខ្វះ​ភាពកក់ក្តៅ​ជានិច្ច។ ប្រសិនបើ​ពួកគេ​មាន​អារម្មណ៍​ថា​ដូចជា​បាន​ធូស្បើយ​ក៏​ភាពធូស្បើយ នោះ​បាន​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ពួកគេ​នឹង​មិនឈប់​ខ្វល់ខ្វាយ​ឡើយ។ ពួកគេ​តែង​ទទួល​ការខក​ចិត្ត​ទៅ​អនាគត ដូច​ដែល​គេ​ធ្លាប់​ទទួល​ពី​អតីតកាល​ដែរ។ ព្រះ​ដែល​ពួកគេ​បំរើ​នោះ ពុំ​អាច​បំពេញ​ចិត្ត​ពួកគេ​ឲ្យ​បាន​ស្កប់ស្កល់​ឡើយ។

តើ​អ្នក​ថ្វាយ​បង្គំ​អ្នកណា? តើ​ព្រះ​របស់​អ្នក​នៅ​ទីណា? ​តើ​ព្រះ​របស់​អ្នក​មាន​ជីវិត​រស់​នៅ​ដែរ​ឬ​ទេ? តើ​ព្រះ​របស់​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​សំរាប់​អ្នក​ថ្ងៃ​នេះ? តើ​អ្នក​បាន​និយាយ​ទៅ​កាន់​ព្រះ​របស់​អ្នក​រាល់​ថ្ងែ​ដែរ​ឬ​ទេ? តើ​ព្រះ​របស់​អ្នក​បាន​ឆ្លើយ​តប​នូវ​ការអង្វរក​របស់​អ្នក​ដែរ​ឬ​ទេ? តើ​អ្នក​ជឿ​លើ​អ្វី?

សូម​ឲ្យ​ខ្ញុំ​បាន​ប្រាប់​អ្នក​អំពី​ព្រះពិត​មួយ​អង្គ ដែល​មាន​ជ័យជំនះ​លើ​អារក្សសា​តាំង​ដែល​ជា​សត្រូវ​ធំ​បំផុត​របស់​យើង។ ព្រះ​អង្គ​គឺ​ជា​ព្រះ​អាទិ​ករ (អ្នកបង្កើត) ទ្រង់​គ្រាន់តែ​មាន​បន្ទូល អ្វីៗ​ទាំងអស់​ក៏​កើត​ឡើង។ ព្រះគម្ពីរ​បរិសុទ្ធ​នឹង​ប្រាប់​អ្នក​អំពី​ព្រះ​នៃ​នរគស្ថានសួគ៌ ដែល​បាន​បង្កើត​មនុស្ស​ពី​ធូលីដី​មក។ សូម​អាន​នៅ​ព្រះគម្ពីរ លោកុប្បត្តិ (ជំពូក១-២)។

ទ្រង់​គឺជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ។ ទ្រង់​គ្មាន​ការចាប់ផ្តើម និងគ្មាន​ទីបញ្ចប់​ទេ។ ព្រះអង្គ​គឺ​មិន​ប្រែ​ប្រួល​មិន​ថាម្សិលមិញ ថ្ងៃ​នេះ និង​ជារៀង​រហូត។ ទ្រង់​ជា​អ្នក​បង្កើត ជា​អ្នក​ការពារ និង​ជា​ព្រះ​ដែល​ថែរក្សា​គ្រប់​អ្វីៗទាំង​អស់។ (កិច្ចការ១៧:២២-៣៤)

ព្រះអង្គ​ទ្រង់អស្ចារ្យ​និង​មហិមា ទ្រង់​គង់​នៅ​ឋានសួគ៌។ ទ្រង់​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​អ្នក។ ទ្រង់​បាន​ឃើញ​អ្នក​ក្នុង​ចំណោម​បណ្ដាជន។ ទ្រង់​អាណិតអាសូរ​ហើយ​ស្រឡាញ់​អ្នក។ ព្រះអង្គ​ចង់​ធ្វើជា​មិត្ត​សម្លាញ់​របស់​អ្នក។ ទ្រង់​បាន​ប្រទាន​ព្រះរាជបុត្រា​របស់​ទ្រង់​ឲ្យ​មក​ធ្វើជា​ព្រះ​អង្គ​សង្គ្រោះ​របស់​អ្នក។ ព្រះ​អង្គ​ចង់​គង់​នៅ​ក្នុង​ចិត្ត​របស់​អ្នក។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ “ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ដែរ...” (យ៉ូហាន: ១៥:៤)

បើ​ទ្រង់​មិន​គង់​នៅ​ក្នុង​ចិត្ដ​អ្នក​ទេ តើ​មាន​នរណា​ទៀត? បើ​យើង​ពិចារណា​ពី​អ្វី​ដែល​កើត​ឡើង​ជុំវិញ​ខ្លួន​យើង នោះ​យើង​អាច​មើល​ឃើញ​ថា​អារក្សសាតាំង​វា​កំពុង​គ្រប់គ្រង ហើយ​បំផ្លាញ​ជីវិត​របស់​មនុស្ស​ជា​ច្រើន។ អារក្សសាតាំង​វា​បាន​គ្រប់​គ្រង​ដួង​ចិត្ដ​របស់​ពួក​គេ។ វា​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នោះ​ប្រព្រឹត្ត​អាក្រក់​ដូចជាៈ និយាយ​កុហក កាមគុណ ផិតក្បត់ បោក​បញ្ឆោត លួច សងសឹក ហើយ​និង​អំនួត។ បើ​មារ​សាតាំង​វា​រស់​នៅ​ក្នុង​ចិត្ត​អ្នក វា​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ដ​អំពើបាប​កាន់​តែ​ច្រើន​ឡើងៗ ហេតុអ្វី​អ្នក​មិន​ត្រឡប់​មក​រក​ព្រះ? គឺ​ព្រះ​អង្គ​ហើយ ដែល​បាន​លះបង់​បុត្រា​តែ​មួយ​អង្គ​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​សុគត​ដើម្បី​លោះ​បាប​របស់​អ្នក ហើយ​និង​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នេះ (យ៉ូហាន: ៣:១៦)។

អ្នក​ប្រហែល​ជា​សួរ​ថា"តើ​ពាក្យ​នេះ​អាច​ជា​ការពិត​ទេ? តើ​អាច​មាន​ព្រះ១អង្គ​ដែល​ល្អអស្ចារ្យ ពោរពេញ​ដោយ​អំណាច ព្រះ​ចេស្ដា ហើយ​តើ​ទ្រង់​និង​មក​គង់​ក្នុង​ចិត្ត​ខ្ញុំ​បាន​ដោយ​របៀបណា?” (អេសាយ ៥៧:១៥)

បើសិន​ជា​អ្នក​ធុញទ្រាន់ ហើយ​នឿយណាយ​ចំពោះ​អំពី​បាប ហេតុអ្វី​បាន​ជា​មិន​ទូល​អង្វរ​ទៅ​ព្រះ​អម្ចាស់ គឺ​ជា​ព្រះ​ដែល​ពិត ហើយ​សារ​ភាពអំពើបាប​របស់​អ្នក​ទៅ​ទ្រង់?។ ដោយ​សេចក្ដី​ជំនឿ និង​ដោយ​ព្រះ​លោហិត​របស់​ព្រះយេស៊ូវ នោះ​អំពើបាប​របស់​អ្នក​នឹង​បាន​អត់​ទោស​ឲ្យ ហើយ​អ្នក​នឹង​បាន​ទទួល​ចិត្ត​ថ្មី។ នៅ​ពេល​ដែល​អ្នក​ជួប​និង​សេក្តី​ល្បួង នោះ​អ្នក​នឹង​ដឹង​ថា​ព្រះ​វត្ដមាន​របស់​ព្រះ​ជាម្ចាស់​កំពុង​នៅ​ការពារ​អ្នក។ ព្រះ​ជាម្ចាស់​ទ្រង់​នឹង​ណែនាំ ហើយ​បង្រៀន​អ្នក​គ្រប់​កិច្ចការ​ទាំងអស់។ (យ៉ូហាន ១៤:២៦)

ក្នុង​ព្រះគម្ពីរ យ៉ូហាន ១០:១០ ព្រះយេស៊ូវ​បាន​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ជីវិត​ពេញបរិបូណ៌​ទៅ​អ្នក​ហើយ​ទ្រង់​ពិត​ជា​អាច​ឲ្យ​អ្នក​បាន។ អំណោយទាន​នេះ​នឹង​ក្លាយជា​របស់​អ្នក បើសិន​អ្នក​នៅ​តែ​មាន​ក្ដី​ជំនឿ និង​ស្ដាប់បង្គាប់​ទ្រង់។"បើសិន​ជា​ឯង​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្តាប់បង្គាប់ នោះ​នឹង​បាន​បរិភោគផល​ល្អ​នៃ​ស្រុក​ដែរ" (អេសាយ ១:១៩) គ្មាន​ព្រះ​ណា​ល្អ​ដូចទ្រង់​ឡើយ។៚